នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ បានរៀបចំ​អង្គសិក្ខា​សាលា​មួយក្រោមប្រធានបទ នីតិវិធីនៃ​ការ​ជ្រើស​រើសបុគ្គលិកក្នុងវិស័យធនាគារ និងឥណទាននិស្សិតខ្មែរ  ក្រោមអធិបតីភាពលោក ណង​ ថា នាយក​សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ។ គោលបំណងនៃអង្គសិក្ខាសាលានេះគឺដើម្បីឲ្យនិស្សិតយល់ពីដំណើរការ ស្តីពីនីតិវិធី​នៃការ​ជ្រើសរើសបុគ្គលិកនិង ឱ្យនិស្សិតទទួលបានបទពិសោធន៍​ជាក់ស្តែងផ្សារភ្ជាប់ទ្រឹស្តី​នឹងការអនុវត្តន៍​ជាក់ស្តែងដែលពួកគេត្រូវដឹង នៅពេលចូលប្រឡូកក្នុងការងារនាពេលអនាគត។ បន្ទាប់ពី​គណៈ​អធិបតី​ និងវាគ្មិន​អញ្ជើញ​មក​ដល់ និងគោរពទង់ជាតិរួចមកលោក ណង ថា នាយកសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានមានមតិសំណេះសំណាលជាមួយនិស្សិត។ ហើយ​កម្មវិធីជាបន្តទៀតគឺឈានដល់​ដំណើរការ នៃអង្គសិក្ខាសាលា​ដែល​ធ្វើ​បទបង្ហាញដោយលោកវាគ្មិន ដែលអញ្ជើញមកពីខាងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុហត្ថាកសិករ។ បើតាមលោក ឃុន តន្រ្តី នាយករងធនធានមនុស្សនៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុហត្ថាកសិករបានលើកឡើង ពីដំណើរការនៃការជ្រើសរើសបុគ្គលិក ដែលរួមមាន៖ ការប្រកាសជ្រើសរើសបុគ្គលិក ការដាក់​ពាក្យ​សុំបម្រើការងារ ការវាយតម្លៃនៃការជ្រើសរើស បុគ្គលិក ការត្រៀមខ្លួនក្នុងការស្វែងរកការ​ងារ​ធ្វើ…។ល។ ក្រោយពេលបញ្ចប់នៃអង្គសិក្ខាសាលានិស្សិតទាំងអស់មានភាពសប្បាយរីករាយ និង​បាន​យល់​ដឹងកាន់តែច្បាស់នៅក្នុងវិស័យធនាគារ ពិសេសគឺនីតិវិធីនៃការជ្រើសរើសបុគ្គលិក ហើយពួក​គាត់ប្តេជ្ញាចិត្តថានឹងខិតខំសិក្សាស្រាវ​ជ្រាវ​បន្ថែមទៀតដើម្បីពង្រីកនូវចំណេះដឹងរបស់ពួកគាត់។ នៅចុងបញ្ចប់ភាគីខាងគ្រឹះស្ថានហត្ថាកសិករ បានប្រគល់កាដូ ដល់​សាកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ និងថតរូបទុកជាអនុស្សាវរីយ៍។